ពង្រឹងស្មារតីក្រុមដោយចេញពីខ្លួនអ្នកផ្ទាល់

Share

ជោគជ័យក្នុងការងារទាមទារឲសមាជិកក្នុងក្រុមទាំងអស់ ផ្តោតអារម្មណ៍លើទិសដៅរួម។ ការដាក់ចិត្ត លើក្រុម អាចជួយបង្កើនផលិតភាព ដោយជួយជំរុញស្មារតី និងផលប្រយោជន៍រួម។ ការនេះអាចសំរេចបានដោយការធ្វើ ឲស៊ីគ្នារវាងការងាររបស់សមាជិកក្រុមនិមួយៗ ដែលមានគំនិត ជំនាញនិងបទពិសោធន៍ខុសគ្នា និងការលើក ទឹកចិត្តឲមានគំនិត និងចំលើយ ប្រកបដោយលក្ខណៈឆ្នៃប្រឌិត តាមរយៈការធ្វើឲបរិយាកាសការងារសមស្រប។

ខាងក្រោមនេះជាគំនិតខ្លះដើម្បីជួយជំរុញឲសមាជិកក្រុមអាចធ្វើការស៊ីសង្វាក់គ្នាក្នុងក្រុមដែលមានប្រសិទ្ធភាព៖

១. ទំនាក់ទំនងៈ ការងារក្រុមតំរូវឲមានការទាក់ទងផ្តល់ពត៌មានគ្នាជាញឹកញាប់ និងមាន លក្ខណៈបើកចំហរ។ សូមបង្ហាញការរំពឹងទុករបស់អ្នកទៅកាន់សមាជិកក្រុមឲបានច្បាស់លាស់។ នៅពេលប្រគល់ភារកិច្ច សូមធ្វើឲប្រាកដថាក្រុមអាចយល់នូវរាល់តំរូវការ និងកាលកំណត់នានា។

២. កុំសរសើរចរិកបំបែកបំបាក់ និយាយរអេចរអូច អាត្មានិយម ឬចរិកគេចយករួចខ្លួន។ មិនមានអ្វីដែល នាំឲខូចផលិតភាពរបស់ក្រុមជាងការដែលមានសមាជិកម្នាក់ ឬប្រធានក្រុម យកស្នាដៃដែល រកបានដោយការខិតខំប្រឹងប្រែងរបស់សមាជិកជាច្រើនរបស់ក្រុម។

៣. ធ្វើជាគំរូៈ បង្ហាញការយកចិត្តទុកដាក់ និងភាពត្រឹមត្រូវ របស់អ្នក ព្រមទាំងបង្កើតបរិយាកាសការងារដែល បុគ្គលិកមានឧបករណ៍ និងការទ្រទ្រង់ផ្សេងៗ ដើម្បីសំរេចស្នាដៃបានល្អបំផុត។ បើអ្នកកាន់តែបង្ហាញឆន្ទៈ និងទេពកោសល្យ អ្នកកាន់តែ មានលទ្ធភាពឲសមាជិកក្រុម តាមការដឹកនាំរបស់អ្នក។

៤. មានភាពបត់បែនៈ សមាជិកក្រុមត្រូវតែត្រៀមខ្លួន ជួយសមាជិកដ៍ទៃទៀត ហើយអ្នក ក្នុងនាមជាប្រធាន គួរបង្ហាញចេតុនាធ្វើដូចគ្នា។ បើអ្នកកាន់តែបត់បែន នៅពេលមានបញ្ហាកើតឡើង អ្នកនិងក្រុមរបស់អ្នកកាន់តែ សាងក្រុមដែលមានប្រសិទ្ធភាព។

៥. ផ្តល់ភាពជាម្ចាស់ដល់បុគ្គលិកៈ សូមលើកទឹកចិត្តឲគ្រប់គ្នាមានការចូលរួម។ នៅពេល បុគ្គលិកដឹងពី ទំនួលខុសត្រូវ កម្មសិទ្ធិ និងចូលរួម ផលិតភាពនឹងកើនឡើង។

៦. បង្កើនសំណើចៈ អារម្មណ៍រស់រាយ និងកំប្លែង ជាមធ្យោបាយដ៏មានអានុភាព ក្នុងការកសាងក្រុម ឲមានភាពស្អិតរមួត។ ភាពខ្វែងមិនចុះសំរុងគ្នា របស់សមាជិកក្រុម អាចត្រូវបានកាត់បន្ថយ ដោយភាព ទន់ភ្លន់រស់រាយ និងអាចកាត់បន្ថយសំពាធ តានតឹងនិងឧបសគ្គបាន។ តែសូមប្រយ័ត្ន ការបង្កើតសំណើច មិនមែនមានន័យថា ធ្វើឲប្រអប់សំបុត្រអ៊ីមែលរបស់ សមាជិកក្រុមពេញទៅដោយរឿងកំប្លែង ដែលអ្នករកបានតាមអ៊ិនធឺណេត។

៧. រក្សាគំនិតសុទិដ្ឋិនិយមៈ សូមផ្តោតលើរកចំលើយជាជាងចំណាយពេលរអ៊ូរទាំពីបញ្ហា។ អ្នកគួរផ្តល់ឲសមាជិក ក្រុមនិមួយៗ នូវលទ្ធភាពចូលរួមដោះស្រាយបញ្ហា។

៨. ថ្លឹងថ្លែងការទិតៀននិងការសរសើរៈ នៅពេលមានកំហុសណាមួយកើតឡើង សូម និយាយឲចំ កុំបញ្ឈិតបញ្ឈៀងដើម្បីកែលំអរ។ បើសមាជិកក្រុម ធ្វើការមិនពេញដៃ ពេញជើង អ្នកត្រូវនិយាយពី ការបង្កើនស្នាដៃទៅកាន់សមាជិកនោះដោយឯកជន។ មិនត្រូវធ្វើការ ស្តីបន្ទោស នៅមុខអ្នកដ៏ទៃ។ បង្ហាញពីការបារម្ភរបស់អ្នក ពេលជួបផ្ទាល់ ដោយសង្កត់ធ្ងន់ លើចំណុចខ្លាំងបុគ្គលនោះ តែពិភាក្សាពីចំណុចដែលត្រូវកែលំអផងដែរ។

៩. ចែករំលែកស្នាដៃជោគជ័យ តែហ៊ានទទួលខុសត្រូវពេលបរាជ័យ។ កាលណាក្រុមអ្នកសំរេចបានលទ្ធផលល្អ សូមទទួលស្គាល់ការចូលរួមពីបុគ្គលជាសមាជិក ជាសំណេរនិងដោយផ្ទាល់។

 

បុគ្គលិករបស់អ្នកនឹងរៀនតាមគំរូនៃស្មារតីក្រុម ប្រកបដោយភាពវិជ្ជមាននៅកន្លែងការងារ។ ទង្វើរបស់អ្នក ជះផលដោយផ្ទាល់លើក្រុមហ៊ុនរបស់អ្នក និងការជោគជ័យយូរអង្វែងរបស់វា។ បើអ្នកខ្លួនឯងមាន ស្មារតីក្រុមកាន់តែប្រសើរអ្នកកាន់តែអាចបណ្តុះស្មារតីនោះ និងភាពស្វាហាប់ក្នុងក្រុម។ សូមកត់សំគាល់ថា ការដាក់ចិត្តដាក់កាយ ស៊ុបក្នុងការងារ ដូចជា រោគឆ្លង ដែរ គឺថាដោយការសង្កេតសកម្មភាព និងការតស៊ូរបស់អ្នក បុគ្គលិករបស់អ្នក ក៍នឹងប្រកាន់យក របៀបដូចគ្នានៅក្នុងការងាររបស់គេ។

 

ដោយ៖ ឡាយ ចំរើន ( This email address is being protected from spambots. You need JavaScript enabled to view it. )

Share

Additional information