នៅពេលបីបូកពីរ មិនស្មើនឹងប្រាំ

Share

នៅក្នុងការគិតលេខបីបូកជាមួយ លេខពីរគឺ ស្មើនឹងប្រាំ។ តែក្នុងសង្គម វាហាក់ដូចជាមាន ការពិបាកឆ្លើយដូច វិទ្យាសាស្រ្តពិតណាស់ ជាពិសេស ក្នុងការគ្រប់គ្រងក្រុម។ ចំលើយនៃផលបូកនេះ អាចប្រែប្រួល ធំ តូច ឬអាច ជាអវិជ្ជមានក៏មាន។ ដូចពាក្យខ្មែរថា៖ គ្នាច្រើនអន្សមខ្លោច។

ជាក់ស្តែង ពេលខ្លះ ការជ្រើសរើសសមាជិកក្រុមថ្មី ឬការគ្រប់គ្រង មិនបានល្អ អាចជាកត្តាឲក្រុមកាន់តែ ទទួលបានលទ្ធផលកាន់តែ អាក្រក់ជាងមុន។ រឿងនេះអាច កើតឡើង នៅទូទាំងសកលលោក ត្បិតវាស្តែងមកពី ធម្មជាតិមនុស្ស មិនប្រកាន់ថា ជាតិសាសន៍ណាទេ។ គំនិតបុគ្គលតែងដូចឬមិនដូចគ្នា ហេតុនេះបានជាម្ហូបខ្មែរ បារាំង ចិនឬ សាសន៍ផ្សេងទៀតមាន លក្ខណៈសំគាល់ដោយឡែកៗ បើទោះជា មានបន្លែ សាច់ និងគ្រឿងផ្សំ ដូចគ្នាក៏ដោយ។

ការគ្រប់គ្រងក្រុមបាល់ទាត់ក៏ផ្តល់នូវចំនុច ដែលគួរឲកត់សំគាល់ ជាច្រើន សំរាប់អ្នកគ្រប់គ្រង។ វាជាការគ្រប់គ្រង ដែលលទ្ធផល វាស់វែង ចេញមកជាភ្លាមៗ បន្ទាប់ពីការប្រកួត៖ ចាញ់ ឈ្នះ ឬស្មើ។ អាជីព គ្រូបង្វឹក ទាមទារអោយមានការចេះដឹកនាំ និងវាយតំលៃមនុស្សផ្ទាល់។ ក្រុមដែលឈ្នះ អាចមកពីយុទ្ធសាស្រ្ត របស់ក្រុមល្អ ឬសមត្ថភាព របស់សមាជិកក្រុមខ្ពស់។ ទោះជាយ៉ាងណា បាល់ទាត់ជាកីឡាក្រុម ដូច្នេះ បើទោះជា សមត្ថភាពកីឡាករជាបុគ្គល មានកំរិតខ្ពស់តែបើខ្វះ ស្មារតីក្រុម ខ្វះការយល់គ្នា ខ្វះទំនាក់ទំនង ខ្វះផែនការការពារ និងប្រយុទ្ធ ច្បាស់លាស់ ។ល។ ក៏ក្រុមនោះមិនអាចទទួលជោគជ័យបានដែរ។ នេះមិនទាន់គិត ដល់កត្តា ខាងក្រៅក្រុម ដូចជាយុទ្ធសាស្រ្ត និងសមត្ថភាព គូប្រជែង ភាពមិនលំអៀង របស់ អជ្ញាកណ្តាល ការស្រែករំខាន ពីអ្នកគាំទ្ររបស់គូប្រឆាំង ការរកចំណូលមិនគ្រប់គ្រាន់ ដើម្បី ទ្រទ្រង់ប្រព័ន្ធ ផ្តល់កំរៃ ដែលមានការលើកទឹកចិត្ត ដល់កីឡាករ ជាដើម។

ជាការពិត បាល់ទាត់មិនត្រឹមតែជាកីឡាប៉ុណ្ណោះទេ តែជាប្រភពផ្តល់ ការកំសាន្តដល់សាធារណ ជនរាប់លាននាក់គ្រប់ ជាតិសាសន៍ ហើយក៏ជាចំនុចក្តៅរបស់ជំនួញ និងរបៀបគ្រប់គ្រងសម័យ ថ្មី។ ស្របគ្នានេះដែរ មានមហាសេដ្ឋីជាច្រើន ជះលុយ ទិញ កីឡាករថ្លៃៗ ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះ ក្លឹប និង រក ជ័យជំនះ លើដៃគូ ប្រជែង។ នៅពេល មានសំពាធ រកចំណូល និងជ័យជំនះកាន់តែ ខ្លាំងការគ្រប់គ្រង ក្រុមទាំងលើវាលស្មៅ និងក្រៅលានប្រកួត កាន់តែ ជាបន្ទុកកាន់តែធ្ងន់ លើគ្រូ បង្វឹកនិងអ្នកដឹកនាំ។

អ្នកដឹកនាំក្រុមខ្លះ ទទួល បានលុយច្រើនពីម្ចាស់ក្លឹបដើម្បី ជ្រើសរើសយកកីឡាករខ្លាំង តែកិច្ចការ នេះមិនមាន ភាព ងាយស្រួលឡើយ។ កីឡាករខ្លះខ្លាំង នៅពេលលេង ជាមួយ ដៃគូក្រុមចាស់ តែមិនអាចលេង ស៊ីសង្វាក់ ជាមួយសមាជិក ក្រុម ថ្មី។ កីឡាករខ្លះទៀតល្បី ដោយសារ  អ្នកគាំទ្រ និងបណ្តាញ ផ្សព្វផ្សាយ វាយតំលៃជ្រុលហួស លើសមត្ថភាព ទៅតាមទំនោរ អារម្មណ៍ របស់ គាត់។ កីឡាករមានបទពិសោធន៍ខ្លះ មានអាយុច្រើន និងត្រូវការកំរៃខ្ពស់ តែមិនអាច ទ្រាំទ្រ ការលេង គ្រប់វេលា ប្រកួត។ កីឡាករខ្លះ ច្រណែនគ្នា នឹងប្រាក់កម្រៃ ឬតួនាទីលេង ឬអារម្មណ៍ មិនមូល ដោយសារគ្រូ ស្តីឲ ឬចង់ដូរក្រុមលេង។ រីឯខ្លះ ប្រឹង បណ្តើរ និងស៊ុតបាល់ តែម្នាក់ឯង មិនគិត ដល់សមាជិកក្រុម ផ្សេង ទៀតដែលឈរ នៅទីតាំងល្អ។ កត្តាសុខភាព របស់ កីឡាករ ក៏ជាចំនុច សំខាន់ដែរ ត្បិតវាអាចប្រែប្រួល គ្រប់ពេលវេលា ហើយអាចជៈ ឥទ្ធិពលដល់លទ្ធផល ប្រកួតផង។

ចំណុចទាំងនេះគ្រាន់តែជាឧទាហរណ៍ខ្លះ ក្នុងចំណោមចំនុចជាច្រើន អ្នកដឹកនាំក្រុមត្រូវគិតដល់។ ប្រសិនបើ អ្នកដឹកនាំក្រុម មិនមាន ការប្រុង ប្រយ័ត្ន ឬមិនចេះជ្រើសរើសកីឡាករ គ្រប់គ្រង និងវាយតំលៃសមត្ថភាព បានត្រឹមត្រូវ ក្រុមបាល់ទាត់នោះ ពិបាករកលទ្ធផលល្អ។ នៅពេល បរាជ័យ អ្នកដឹកនាំក្រុម តែងទទួលការរិះគន់ និងទទួលខុសត្រូវមុនគេ លើកលែងតែស្ថានភាពខ្លះ  កំហុសតែងរុញដល់ អ្នកដែលតូចទាប ជាងគេ។ អ្នកខ្លះរកតែសមាជិកក្រុមណា ដែលមិនចេះលើស ខ្លួនឬព្យាយាមបង្កើតឧបសគ្គ ដល់អ្នកយល់ដឹងការងារ ទៀតផង។ មតិខ្លៈថា បើអ្នកហ៊ានចំណាយ អ្នកនឹងបានធនធានល្អ។ ចំណុចនេះអ្នកក៏ត្រូវប្រយ័ត្នផងដែរ ត្បិតអ្នកអាចខកចិត្តកាន់តែខ្លាំង នៅពេលដែលខំ ចំណាយ ខ្ពស់ ហើយមិនទទួលបាន គុណភាពដែលអ្នករំពឹង។

អ្នកដឹកនាំត្រូវត្រៀមដំណោះស្រាយ នៅពេលធ្វើការបូក លេខ៣ បូក២ មិនស្មើ៥។ ក្បួនចិនខ្លះ ផ្តល់ការទស្សទាយ តាមឆ្នាំកំណើត នៅពេលជ្រើសរើសសមាជិកក្រុមថ្មី តែសំរាប់ក្នុងវិទ្យាសាស្រ្ត គ្រប់គ្រង ក្បួន ខ្នាតជាច្រើន ត្រូវបានគេចងក្រង ដោយយោងលើ បទពិសោធន៍ ជាក់ស្តែង ដែលបាន កើតឡើង។ ច្បាស់ណាស់ថា អ្នកមិនមែន ជាអ្នក ទីមួយ ដែលត្រូវធ្វើកិច្ចការនេះ។ ប្រសិនបើ អ្នកមិនសូវច្បាស់ អ្នកអាច ស្វែងយល់ក្បួនទាំងនោះ ឬក៏រកសេវាជំនួយ ផ្នែកគ្រប់គ្រង បាន។ ពេលខ្លះ ការជ្រើសរើសបុគ្គលិក បន្ថែម ឬបញ្ចូលកីឡាករខ្លាំងថែម មិនអាចដោះស្រាយ បញ្ហាបានឡើយ។

ការគ្រប់គ្រងមិនគ្រាន់តែរកធនធានមនុស្សល្អ រួចហើយឲនំ ឬដំបង ដូចសម័យបុរាណ ប៉ុណ្ណោះទេ តែវាទាមទារឲមានយល់ដឹងពីចិត្តសាស្រ្ត ជំរុញឲមានការសហការជាក្រុមដោយលើកយកទិសដៅ រួម ជាអាទិភាព និងបង្កើនភាពជាអ្នកដឹកនាំ ទាំងរបស់ប្រធាននិងសមាជិកក្រុម។

 

ដោយ៖ អុល តុលា ( This email address is being protected from spambots. You need JavaScript enabled to view it. )

Share

Additional information