ហេតុអ្វីសហគ្រិនត្រូវបណ្តុះបណ្តាលបុគ្គលិក របស់ខ្លួន?

Share

គ្រប់សហគ្រិន ឬ ម្ចាស់ស្ថាប័ន តែងចង់បានបុគ្គលិកមាន សមត្ថភាព និង បុគ្គលិកលក្ខណៈល្អ ដែលអាចបំពេញការងារ អោយសម្រេចបានលទ្ធផល សម្រាប់ស្ថាប័នខ្លួន។ នៅពេលជ្រើស រើសបុគ្គលិក គេតែងប្រឹងប្រែង ស្វែងរកបេក្ខភាពល្អ និងប្រើ វិធីសាស្រ្តសម្ភាសន៍ ដើម្បីរកបេក្ខជនសមស្របបំផុត សម្រាប់ តំណែងដែលត្រូវផ្តល់។ ចំណោទនៅត្រង់ថា បើទោះជាការ ជ្រើសរើស បុគ្គលិកត្រូវបានធ្វើដោយជោគជ័យ ហើយស្ថាប័នទទួលបានបុគ្គលិកតាមការចង់បាន តើមាន ការចាំបាច់ ដែលស្ថាប័នត្រូវចំណាយ ធនធាន និងពេលវេលាផ្តល់ការ ណែនាំបណ្តុះបណ្តាល ឬហ្វឹកហ្វឺន បន្ថែមទៀត ដល់បុគ្គលិកឬទេ?

តើអ្នកធ្វើដូចម្តេចដើម្បីប្រាកដថា អ្នកមានបុគ្គលិកអាចជំនួសគ្នាបាន ពេលបុគ្គលិកណាមួយមានធុរៈ ឬច្បាប់ឈប់?

តើអ្នកធ្វើដូចម្តេចដើម្បីប្រាកដថា បុគ្គលិករបស់អ្នកធ្វើការងារត្រឹមត្រូវ ដើម្បីជៀសវាងភាពប្រែប្រួល របស់គ្រប់ផលិតផលមួយឯកតា ទៅមួយឯកតា ឬក៏របស់សេវាដែលបំពេញ ដោយបុគ្គលិកខុសគ្នា?

តើអ្នកធ្វើដូចម្តេចដើម្បីធានាថាបុគ្គលិករបស់អ្នកមានជំនាញនិងចំណេះដឹងស្របតាមការវិវត្តនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា ច្បាប់ និងសង្គម?


ប្រសិនបើអ្នកឆ្លើយសំនួរខាងលើបាន អ្នកឬសហគ្រិនប្រហែលជាលែងមានពាក្យថា «រវល់ណាស់! គ្មានពេលទេ!»។ តើអ្នកពិតជារវល់ ពេញ ៨ ម៉ោងការងារមែនទេ? ប្រសិនបើអ្នកមិនចេះឆ្លៀត ឬលៃពេលវេលា តាមអ្វីដែលជាជំនាញគ្រប់គ្រងពេលវេលាទេ នោះអ្នកនឹងរវល់រហូត ហើយអ្នកមិនផ្តល់ឱកាសដល់ខ្លួនអ្នក ឬបុគ្គលិករបស់អ្នកដើម្បីអភិវឌ្ឍជំនាញនិងចំណេះដឹងទៀតឡើយ។ អ្នកអាចធ្វើបាន ប្រសិនបើអ្នកចង់ លើកលែងតែអ្នកបានឆ្លង «ជំងឺអ្នកជំនាញ ឬ the expert syndrome» ដែលនាំអោយអ្នកគិតថា ចេះអស់ហើយ ឬចេះគ្រប់រឿង។ សូមចាំថា ទោះអ្នកចេះដល់កំរិតណាក៏ដោយ អ្នកនៅតែមិនចេះអស់ឡើយ។ នៅជុំវិញ ខ្លួនអ្នក នៅតែមានអ្វីថ្មីដែលអ្នកត្រូវស្វែងយល់បន្តជាដរាប ដូចពាក្យថា ការរៀនសូត្រមិនចេះចប់ឡើយ។

 

ជាដំបូង គេគួរចាប់អារម្មណ៍ថា បុគ្គលិកថ្មីគ្រប់រូប ទាំងអ្នកទើបបានសញ្ញាប័ត្រសិក្សា ទាំងអ្នកមានបទពិសោធន៍ ច្រើនឆ្នាំ មិនអាចស្គាល់ប្រព័ន្ធការងារនៅក្នុងស្ថាប័នរបស់អ្នកឡើយ។ ជាឧទាហរណ៍ ស្ថាប័នរបស់ អ្នកផលិតភេសជ្ជៈផ្អែមដូចគ្នានឹងស្ថាប័នមុន របស់បុគ្គលិកដែលទើបចូលថ្មី ប៉ុន្តែអ្វីៗមិនដូចគ្នាទាំងអស់ឡើយ គិតទាំងទីកន្លែង រចនាសម្ព័ន្ធចាត់តាំង វប្បធម៌ឬទំលាប់ការងារ វិធីសាស្រ្ត គោលនយោបាយ ឧបករណ៍សម្ភារះ វត្ថុធាតុ ។ល។ ដូច្នេះ បុគ្គលិក ចូលថ្មីអាចមាន ការលំបាកក្នុងការ បំពេញការងារ ប្រកបដោយភាពម្ចាស់ការ តាមទិសស្លោក «ធ្វើរឿងត្រឹមត្រូវចាប់ពីលើកទី១» ។

Share

Additional information